ជនពិការបង្កើតរបរចម្រៀងនិងតន្ត្រីខ្នាតតូចតាមផ្សារនិងទីសាធារណៈដើម្បីចិញ្ចឹមជីវិត
ក្រុមតន្ត្រីជនពិការប្រគំនៅម្ដុំផ្សារដើមគ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ តុលា ឆ្នាំ២០១៥ RFA/Sek Bandith |
ក្រុមតន្ត្រីមូលនិធិមនុស្សធម៌ជួយដល់ជនពិការភ្នែកកម្ពុជា ខេត្តកណ្ដាល លោក ដា ល័ក្ខណ៍ ប្រគំតន្ត្រីនៅជិតស្តុបផ្សារដើមគ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥។ RFA/Uon Chhin |
តើមុខរបររបស់ក្រុមជនពិការមានការគាំទ្រយ៉ាងណា និងប្រឈមការលំបាកយ៉ាងណាខ្លះ?
កម្ពុជា ក្រោយពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលបានរលត់ទៅនៅអំឡុងឆ្នាំ១៩៩៣ នោះ បានបន្សល់ទុកនូវជនពិការជាច្រើននៅក្នុងសង្គម។ ជនពិការទាំងនោះមួយចំនួនដោយសារបានចូលរួមចលនាយុទ្ធជនតស៊ូក្នុងសមរភូមិសង្គ្រាម និងខ្លះទៀត ពិការពីកំណើត ដោយសារជំងឺ និងដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ជាង ២០ឆ្នាំមកនេះ ពួកគាត់តស៊ូរស់ដោយខ្លួនឯងទាំងវេទនា។ ចំពោះអតីតយុទ្ធជន ពួកគាត់បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលខ្លះក៏ពិតមែន ប៉ុន្តែប្រាក់នោះមិនអាចឲ្យពួកគាត់ចិញ្ចឹមខ្លួនរស់នោះទេ បើមិនមានមុខរបរផ្សេងទៀត។
«ចម្រៀង»
មុខរបររបស់ជនពិការដែលកំពុងរីកដុះដាលចុងក្រោយនេះ គឺបង្កើតក្រុមតន្ត្រីតូចតាចដែលមានតែមេក្រូ១ អ៊កជជុះ១ អូប៉ាល័រ ឬធុងបាស ១គូ ដើរច្រៀងតាមផ្សារ និងនៅផ្លូវកែងធំៗក្បែរភ្លើងស្តុបនៅក្នុងទីក្រុង និងវត្តអារាមពេលមានរដូវបុណ្យទានធំៗម្តង។
អ្នកពិការខ្លះគាត់មិនមានទេពកោសល្យខាងសិល្បៈជាអ្នកចម្រៀងទេ ប៉ុន្តែចេះខំព្យាយាមដើម្បីក្រពះ ដើម្បីរស់មួយគ្រាៗ ខ្លះក៏មានសមត្ថភាពខ្ពស់ខាងសិល្បៈគួរឲ្យកោតសរសើរ។
«ចម្រៀង»
ស្រីតូច ជាអ្នកចម្រៀងពិការមួយរូបក្នុងក្រុមតន្ត្រីតូចមួយមានគ្នា ៣នាក់នៅខេត្តកំពង់ស្ពឺ ប៉ុន្តែក្រុមតន្ត្រីនេះជាញឹកញាប់ តែងតែធ្វើដំណើរមកភ្នំពេញ ដើម្បីច្រៀងតាមទីផ្សារ និងនៅផ្លូវកែងធំៗក្បែរភ្លើងស្តុប ដូចជានៅក្បែរភ្លើងស្តុបផ្សារដើមគ ជាដើម។
ស្រីតូច អាយុ ២៥ឆ្នាំមានស្រុកកំណើតនៅស្រុកបវេល ខេត្តបាត់ដំបង។ នាងពិការភ្នែកទាំងសងខាង និងជើងទាំងពីរស្វិត បានរៀបរាប់ថា ជីវភាពក្រលំបាកនៅក្នុងគ្រួសារ បានជំរុញឲ្យនាងក្លាយជាអ្នកចម្រៀងក្នុងក្រុមជនពិការ៖ «ខ្ញុំពិការអត់អាចធ្វើអីបាន។ ម៉្យាងខ្ញុំទើបចេញពីកុមារកំព្រាហ្នឹង។ បងប្អូនពិការ ៣នាក់អ៊ីចឹង មានការខ្វះខាតចិញ្ចឹមឪពុកជរា»។
ស្រីតូច បន្តថា ចំណូលដែលបានមកពីមុខរបរនេះមិនទៀងទាត់ដូចអាកាសធាតុអ៊ីចឹងដែរ គឺជួនរាំងជួនភ្លៀង ជាពិសេសមុខរបរនេះពឹងផ្អែកទាំងស្រុងលើការអាណិតអាសូររបស់ប្រជាពលរដ្ឋដែលមកផ្សារ និងធ្វើដំណើរតាមដងផ្លូវជួយឧបត្ថម្ភគាំទ្រពួកគាត់ជាថវិកាតិចតួច ជួនជានំចំណីទៅតាមសទ្ធាជ្រះថ្លារបស់ពួកគាត់៖ «មិនទៀងដែរព្រោះអីពេលខ្លះមានគេចូលច្រើនក៏គ្រប់គ្រាន់ទៅ តែពេលខ្លះទៅគេមិនសូវចូលច្រើនសល់តិចតួច សល់ធ្វើរបស់របរដែលខូចទៅ»។
ស្រីតូច ក៏កត់សម្គាល់ឃើញដែរថា របរចម្រៀង និងតន្ត្រីជនពិការនេះមានការគាំទ្រច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយទន្ទឹមគ្នានេះ ក្រុមតន្ត្រីជនពិការក៏កើនឡើងច្រើនដែរ៖ «ពីមុនគេមានការរើសអើងជនពិការពីសំណាក់ប្រជាជនអ៊ីចឹងណា។ តែឥឡូវ គឺគាត់គាំទ្រច្រើន គាត់មានការយល់ដឹងច្រើន គាត់គាំទ្រតន្ត្រីជនពិការច្រើន»។
ដោយមានការគាំទ្រច្រើនបែបនេះ អតីតយុទ្ធជន និងពិការក្នុងសមរភូមិសង្គ្រាមភាគពាយព្យជាប់ព្រំដែនថៃ មួយរូប ក៏បានផ្លាស់ប្ដូររបរពីដើរសុំទានតាមផ្សារ មកបង្កើតខារ៉ាអូខេច្រៀងកំដរអ្នកផ្សារ និងអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈក្នុងទីក្រុងភ្នំពេញវិញម្តង៖ «មានតែប្រជាពលរដ្ឋទេដែលគាត់នឹកឃើញ គាត់អាណិតអាសូរ មានមន្ត្រីរាជការអ៊ីចឹងដែរ។ កងកម្លាំងប្រដាប់អាវុធឃើញ ទាហានដូចគ្នា គេដាក់ឲ្យអ៊ីចឹងទៅ ពីរពាន់ប្រាំពាន់រៀលអ៊ីចឹងទៅណា រស់បានអ៊ីចឹងទេ»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកស្ទួយសិទ្ធិជនពិការ បានសាទរចំពោះបងប្អូនពិការដែលខិតខំស្វះស្វែងរកមុខរបរថ្លៃថ្នូរដោយខ្លួនឯង ជាជាងលើកដៃសុំគេដោយមិនធ្វើអ្វីទាល់តែសោះ។ លើសពីនេះទៀត ពួកគេក៏សូមអំពាវនាវឲ្យរដ្ឋាភិបាល ជួយដល់ជនពិការឲ្យរស់នៅបានសមរម្យថ្លៃថ្នូរនឹងគេផង។
ប្រធានសមាគមសំនៀងជនពិការកម្ពុជា លោក ចាប ទីតូ មានប្រសាសន៍ថា ចំណូលរបស់ជនពិការដែលគាត់ខិតខំរកអស់ពីលទ្ធភាពនោះ មិនត្រឹមតែចិញ្ចឹមខ្លួនរបស់គាត់ម្នាក់ឯងរស់នោះទេ គឺថែមជួយដល់សមាជិកក្នុងបន្ទុកដែលក្រីក្របានថែមទៀតផង។
ប្រធានក្រុមតន្ត្រីជនពិការនៅខេត្តកំពង់ស្ពឺ លោក ម៉ម សំអូន មានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមតន្ត្រីជនពិការភាគច្រើន បានចេញទៅសម្ដែងនៅតាមវត្តអារាម និងឆ្លៀតទៅធ្វើបុណ្យនៅវត្តនោះផងដែរ៖ «ខ្ញុំពិការ ភ្ជុំនេះមានគម្រោងថា ទៅភ្នំអដ្ឋរសថ្ងៃភ្ជុំធំ សម្រេចលើកូនចៅព្រោះគេអ្នកលេង។ បើជាគេសម្រាកទៅលេងស្រុកទៅលេងបងប្អូន»។
ប្រធានសមាគមសំនៀងជនពិការកម្ពុជា ឲ្យដឹងថា ក្រុមតន្ត្រីជនពិការទាំងតូចទាំងធំនៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ កើនឡើងជាង ២០ក្រុមហើយ និងនៅតាមបណ្ដាខេត្តផ្សេងៗមួយចំនួនទៀត។
ទាក់ទងករណីជនពិការនេះដែរ មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ជនពិការនៅតែជួបឧបសគ្គរារាំងជាច្រើនសម្រាប់ជីវិតការងាររបស់ពួកគេ។
អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ចាប ឬទ្ធី មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានជំរុញ និងអប់រំផ្សព្វផ្សាយទៅដល់សាធារណជនទូទៅ ជាពិសេសបណ្ដាស្ថាប័នរដ្ឋ និងឯកជនដើម្បីធានាការចូលរួមស្មើភាពគ្នារបស់ជនពិការនៅក្នុងសង្គមកម្ពុជា។ ទន្ទឹមគ្នានេះ លោកថា ក្រសួងការងារ កំពុងយកចិត្តទុកដាក់រកយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងធានាថា ជនពិការអាចទទួលសេវាអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាព៕
Labels: Khmer News
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home